ប្លុក

ប្លុក
ដើម្បីចូលរួមជំរុញយុទ្ធនាការផ្សព្វផ្សាយ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ» និងដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន ដែលកំពុងមានការកើនឡើងរៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍ នឹងរៀបចំការប្រឡងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើម ផ្នែកសណ្ឋាគារ ប្រចាំឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីខែមេសា-ខែឧសភា។ វគ្គដំបូងនៃការប្រឡងជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើម ផ្នែកសណ្ឋាគារ ប្រចាំឆ្នាំ២០១៩ ខាងលើនេះ នឹងត្រូវធ្វើឡើង៖ * រាជធានីភ្នំពេញ នៅថ្ងៃទី៤-៥ ខែមេសា* ខេត្តព្រះសីហនុ នៅថ្ងៃទី២២-១៣ ខែមេសា* ខេត្តសៀមរាប នៅថ្ងៃទី២៣-២៤ ខែឧសភា* សម្រាប់វគ្គជម្រុះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដូចគ្នា។ ខាងក្រោមនេះ ជាខ្លឹមសារលម្អិតនៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
28-Feb-2019
សេចក្តីជូនដំណឹង៖ វគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៏ទេសចរណ៍និយាយភាសាចិន “China Speaking Tour Guide Traning Program” ចាប់ពីថ្ងៃទី ១៣ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន។ ពត៍មានលម្អិតក្នុងរូបខាងក្រោម៖
22-Sep-2018
សៀមរាប: ព្រឹកថ្ងៃសុក្រ ១៣កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៨ក្រសួងទេសចរណ៍ជាមួយ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ (Beijing International Chinese College) ដោយមានការគាំទ្រពីស្ថានទូតចិនប្រចាំកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី ការបណ្តុះបណ្តាលគ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍សម្រាប់ទេសចរចិន ឆ្នាំ២០១៨ ក្រោម អធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Liu Yunan ជំនួយការនាយកវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិ នៅសណ្ឋាគារអង្គរសេនជូរី ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាល ស្តីពី គ្រូបង្គោលមគ្គុទ្ទេសក៍ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ឆ្នាំ២០១៨បានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី ៨ ខែសីហាឆ្នាំ២០១៨ រហូតដល់ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ ដោយមានសិក្ខាកាមចូលរួមពីមន្ត្រីនៃក្រសួង មន្ទីរទេសចរណ៍រាជធានី-ខេត្ត មគ្គុទ្ទេសក៍ទេសចរណ៍ និងបុគ្គលិកពីវិស័យឯកជនផ្នែកទេសចរណ៍ចំនួន ៧៨នាក់ ដែលបង្រៀនដោយគ្រូបង្រៀនឯកទេស និងអ្នកជំនាញចិនផ្ទាល់។ វគ្គបណ្តុះបណ្ដាលនេះ បានផ្តល់ជាចំណេះដឹង និងបទពិសោធន៍បន្ថែមពីអន្តរជាតិ និងការចែករំលែកបទពិសោធន៍ការងារជាក់ស្តែងស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ រវាងកម្ពុជា និងចិន ពិសេសការពង្រឹងសមត្ថភាពពាក់ព័ន្ធនឹងមគ្គុទ្ទេសក៍ទេសចរណ៍របស់មន្ត្រី និងបុគ្គលិកកម្ពុជាសម្រាប់ទេសចរចិន ឆ្លើយតបទៅនឹងតម្រូវការទីផ្សារទេសចរចិន និងចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រ សៀវភៅ ស China Ready សម្រាប់ ទេសចរណ៍កម្ពុជា។ ក្នុងរយៈពេល ១៦ ថ្ងៃ នៃការបណ្តុះបណ្តាល សិក្ខាកាមបានសិក្សាពីភាសា និងវប្បធម៌ចិន របៀបដើម្បីកោតសរសើរបេតិកភ័ណ្ឌវប្បធម៌ គោលការណ៍សេវាកម្មមគ្គុទ្ទេសក៍ ទំនួលខុសត្រូវរបស់មគ្គុទ្ទេសក៏ទេសចរណ៍ ក្រមសីលធម៌ និងវិន័យមគ្គុទ្ទេសក៏ ការចែករំលែកបទពិសោធន៍ និង បានធ្វើតេស្តសមត្ថភាពនៅចុងវគ្គសិក្សា និងទទួលបាន បេក្ខជនចំនួន ៦នាក់ត្រូវបានជ្រើសរើសទៅសិក្សា និងផ្លាស់ប្តូរបទពិសោធន៍បន្តនៅទីក្រុងបេកាំង ឆ្នាំ២០១៩។ ក្រសួងទេសចរណ៍ និងវិទ្យាស្ថានភាសាចិនប៉េកាំងអន្តរជាតិនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀត។ សូមជម្រាបថានៅឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជា ចំនួន ៥,៦លាន នាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១,២លាន នាក់ កើនឡើង ៤៦% ឈរនៅលំដាប់ទី១ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឹននាក់ កើន ៧៦% និងមានចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា។ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន មានចំនួន ១០៤៦នាក់ ក្នុងនោះខេត្តសៀមរាបមាន ៨៥១នាក់៕
10-Sep-2018
កាលពីថ្ងៃព្រហស្បតិ៍ ១២កើតខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលជនបង្គោលនៃប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជានៅសណ្ឋាគារសោមាទេវីអង្គរ ខេត្តសៀមរាប ដល់មន្រ្តីមន្ទីរទេសចរណ៍ ប្រតិបត្តិករទេសចរណ៍(សណ្ឋាគារ នឹងសេវាកម្មស្នាក់នៅ, សេវាកម្មម្ហូបអាហារនិងភេសជ្ជ, សេវាកម្សាន្តមនុស្សពេលវ័យ, រមណីយដ្ឋាន, ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍, សេវាដឹកជញ្ជូនទេសចរណ៍, ហាងលក់ទំនិញ វត្ថុអនុស្សាវរីយ៍) និងមន្រ្តីពាក់ព័ន្ធ ដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងបុគ្គលិកក្នុងវិស័យទេសចរណ៍សម្រាប់ទីផ្សារចិន និងផ្សព្វផ្សាយពីប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready”។ សូមជម្រាបថានៅឆ្នាំ២០១៧ កន្លងមក ក្នុងចំណោមទេសចរអន្តរជាតិមកកម្ពុជា ចំនួន ៥,៦លាន នាក់ មានភ្ញៀវទេសចរចិនចំនួនជាង ១,២លាន នាក់ កើនឡើង ៤៦% ឈរនៅលំដាប់ទី១ ហើយក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០១៨នេះ កម្ពុជាទទួលទេសចរចិនចំនួនជាង ៩៣ម៉ឹននាក់ កើន ៧៦% និងមានចំណែកទីផ្សារប្រមាណ ៣១% នៃទេសចរអន្តរជាតិរបស់កម្ពុជា។ -Website: cambodia-chinaready.org-Facebook: chinareadycenter
23-Aug-2018
សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសសិក្ខាកាមចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី “គ្រូបង្គោលមគ្គុទ្ទេសក៏ទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិនឆ្នាំ២០១៨” ដល់មន្រ្តី គ្រូបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិន មគ្គុទ្ទេសក៏ទេសចរណ៍ភាសាចិន និងបុគ្គលិកឯកជនក្នុងវិស័យទេសចរណ៍។ សូម​អាន​ព័ត៌មាន​លម្អិត​ដូច​ភ្ជាប់​ខាង​ក្រោម​​។ សូម​ចុច​តំណ​នេះ​ដើម្បី​ចុះឈ្មោះ​ អនឡាញ​:​https://goo.gl/aSa47p
18-Jul-2018
កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ដល់ថ្ងៃសៅរិ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០១៨ ក្រសួងទេសចរណ៍បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជានៅកោះរ៉ុង ខេត្តព្រះសីហនុ ដល់ប្រតិបត្តិករទេសចរណ៍ រដ្ឋបាលខេត្តតំបន់ឆ្នេរ និងមន្រ្តីពាក់ព័ន្ធ ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍សម្រាប់ទីផ្សារទេសចរចិន។ សិក្ខាសាលាសំដៅៈ -ផ្សព្វផ្សាយពីយុទ្ធសាស្ត្រទេសចរណ៍កម្ពុជាក្នុងការទាក់ទាញទេសចរចិន -បណ្តុះបណ្តាលពីប្រព័ន្ធវាយតម្លៃគុណភាពសេវាកម្មទេសចរណ៍ “China Ready” -ផ្សព្វផ្សាយអំពីអជ្ញាបណ្ណការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍, អជ្ញាបណ្ណកាណូតទេសចរណ៍, -ផ្សព្វផ្សាយពីការអនុវត្តន៍ស្តង់ដារអប្បបរមាកាណូតទេសចរណ៍ -ផ្សព្វផ្សាយពីក្រមប្រតិបត្តិនៃភោជនីយដ្ឋានស្អាត និងបណ្តុះបណ្តាលអំពីបដិសណ្ឋារកិច្ចល្អក្នុងសេវាកម្មទេសចរណ៍។
27-Mar-2018
សូម​អបអរសាទរ​អាជីវកម្ម​ទេសចរណ៍​ចំនួន​២៧ ដែល​ទទួល​បាន​ការ​ទទួល​ស្គាល់​បញ្ជាក់​គុណភាព​សេវា​កម្ម​ទេសចរណ៍​ China Ready ដូច​មាន​:-ភោជនីយដ្ឋាន ហ្គោដេន ហ្វរម៉ូសា ស៊ីហ្វូដ GOLDEN FORMOSA SEAFOOD RESTAURANT-សណ្ឋាគារ ម៉េម័រ អង្គរ Memoire D'angkor Hotel-សណ្ឋាគារ ម៉េម័រ សៀមរាប Memoire Siem Reap Hotel-សណ្ឋាគារ រីចេនស៊ី អង្គរ Regency Angkor Hotel-សណ្ឋាគារ អង្គរហូវើដ Angkor Howard Hotel-អេស៊ា អ៊ិចគ្លូស៊ីវ ធួរ Asia Exclusive Tours Co.,Ltd-អ៊ីស្ត វីន ត្រាវែល East Wind Travel Co.,Ltd-ទ្រូ ហ្គោលដេនដ្រេហ្គន អ៊ិនធើណេសិនណល ត្រាវែល ឯ.ក True Golden Dragon International Travel Co.,Ltd-មេគង្គ ឌីសខាវើរី Mekong Discovery-យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ធួរ Unite International (Cambodia) Tour-អប្សរាទេសចរណ៍ APSARA TOURS Co.,Ltd-ទ្រេនស្ពីដត្រាវែលហូលឌី TRANSPEED TRAVEL HOLDINGS LTD-ហ្វាន ធាន អ៊ិនធើណេសិនណល ត្រាវែល & ត្រេឌីង FAN TIAN INTERNATIONAL TRAVEL & TRADING Co.,Ltd-អិន.ឌី.អិម អ៊ិនវេសម៉ិន & ធួរីហ្សឹម N.D.M INVESTMENT & TOURISM Co.,Ltd-ហុង អ៊ី ទេសចរណ៍ HONG YI TRAVEL SERVCIE Co.,Ltd-វីហ្គោ ត្រាវែល & ធួរ WE GO TRAVEL & TOUR-៥ អូសិន ខូអិលធីឌី5 Ocean Co.,Ltd-វ៉ាន់ លី ទេសចរណ៍ Wanly Travel-សីុហ្គាល ធួរីស & ត្រេឌីង Seagull Tourist & Trading Co., Ltd-ខេមបូុឌា ហួយហ័ង ធួរ 柬埔寨辉煌旅行社-អេសធីប៊ី ត្រាវែល & ធួរ STB Travel & Tour-ជា ម៉ី អ៊ិនធើណេសិនណល ត្រាវែល JIA MEI INTERNATIONAL TRAVEL Co.,Ltd-ជី សឹង ធួរ Jie Sheng Tourសៀន នូ ត្រាវែល XIAN NU TRAVEL CO., LTD-សណ្ឋាគារ ឡាក់គី អង្គរ និង ស្ប៉ាLUCKY ANGKOR HOTEL & SPA-ណានជីងអ៊ិនធើណេសិនណល ហូលីដេ ធួរ គ្រុប NANJING INTERNATIONAL HOLIDAY TOUR GROUP CO., Ltd-ឌីអិម អ៊ិនធើណេសិនណលត្រាវែល DM International Travel
06-Nov-2017
ក្រសួងទេសចរណ៍សូមអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសប្រតិបត្តិករទេសចរណ៍ វិនិយោគិន អ្នកស្រាវជ្រាវទេសចរណ៍ សាស្ត្រាចារ្យ មន្ត្រីរាជការនៃក្រសួង/ស្ថាប័នពាក់ព័ន្ធ យុវជន សិស្ស និស្សិត អញ្ជើញចុះឈ្មោះចូលរួមវេទិកាថ្នាក់ជាតិលើកទី០២ ស្តីពី “ទីផ្សារទេសចរណ៍ចិន និងការត្រៀមលក្ខណៈសម្បត្តិទទួលភ្ញៀវទេសចរចិន (China-Ready) សម្រាប់ទេសចរណ៍កម្ពុជា” នៅសណ្ឋាគារសុខាភ្នំពេញ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមរយៈនៃការចុះឈ្មោះនេះ សាធារណជនអាចធ្វើការជ្រើសរើសគោលបំណងនៃការចូលរួមដោយ (១. ចូលរួមវគ្គបណ្ដុះបណ្ដាលដោយមជ្ឈមណ្ឌលអាស៊ាន-ចិន ២. ចូលរួមដាក់បង្ហាញពិព័រណ៍ និងផ្សព្វផ្សាយ ៣. ចូលរួមជាវាគ្មិនក្នុងសិក្ខាសាលា និង៤. ចូលរួមជាភ្ញៀវក្នុងសិក្ខាសាលា)។ សូមបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានរៀបចំដោយក្រសួងទេសចរណ៍ និងមជ្ឈមណ្ឌលអាស៊ាន-ចិន ដោយក្នុងនោះមានការអញ្ជើញចូលរួមពីសាស្ត្រាចារ្យ អ្នកជំនាញ វិនិយោគិនធំៗ ប្រតិបត្តិករទេសចរណ៍ទីផ្សារចិនយ៉ាងច្រើនដើម្បីធ្វើការចែករំលែកនូវបទពិសោធន៍ និងផលិតផលរបស់ខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារទេសចរណ៍ចិន។
26-Sep-2017
(ចិន)៖ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ក្នុងឱកាសដែលលោកជួបពិភាក្សាការងារជាមួយលោក Hu Heping អភិបាលខេត្តសាន់ស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម​ និងលោកអភិបាលខេត្តសាន់ស៊ី បានឯកភាពគ្នាជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា និងបានគាំទ្រគម្រោងវិនិយោគផលិតផលទេសចរណ៍នានា របស់អ្នកវិនិយោគខេត្តសាន់ស៊ី នៅលើទឹកដីកម្ពុជាផងដែរ។ នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានរំឭកពីប្រវត្តិទំនាក់ទំនងដ៏យូរលង់ជាមិត្តដ៏ជិតស្និទ្ធ ជឿជាក់ទុកចិត្តគ្នារវាងប្រទេសកម្ពុជា-ចិន ហើយក៏បានរំឭកពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ មានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ កិច្ចពិភាក្សានេះ ផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការណ៍ផ្នែកទេសចរណ៍ និងវិនិយោគ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានស្នើលោកអភិបាលខេត្តសាន់ស៊ី ជួយជំរុញឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ និងទៀងទាត់ពីទីក្រុងស៊ីអាន ខេត្តសាន់ស៊ី មកកាន់កម្ពុជា។ កម្ពុជាក៏មានបំណងចង់បង្កើតឲ្យមានការរៀបចំស្ថានតំណាង ឬការិយាល័យទេសចរណ៍កម្ពុជាប្រចាំខេត្តសាន់ស៊ី ដើម្បីជំរុញការផ្សព្វផ្សាយ និងសម្រួលដល់ភ្ញៀវទេសចរទាំងពីរ ដែលចង់ទៅមកទស្សនាកម្ពុជា និងចិន។ លោកអភិបាលខេត្តបានគាំទ្រ និងឯកភាពជំរុញឲ្យមានការហោះហើរត្រង់ និងទៀងទាត់ ដែលបច្ចុប្បន្នទើបមានការហោះហើរជា Charter flight ប៉ុណ្ណោះ។ ព្រមជាមួយនោះ លោកអភិបាលខេត្តក៏បានស្នើឲ្យក្រសួងទេសចរណ៍កម្ពុជា ជួយគាំទ្រគម្រោងវិនិយោគផលិផលទេសចរណ៍នានា ពីខេត្តសាន់ស៊ីមកកម្ពុជាផងដែរ។ លោកអភិបាលខេត្តបានផ្តាំផ្ញើសួរសុខទុក្ខដល់សម្តេចតេជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងជូនពរឲ្យទទួលបានសុខភាពល្អកម្លាំងពលំមាំមួន និងជោគជ័យត្រចះត្រចង់រៀងរហូត ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ បន្ទាប់មក ឯកឧត្តម​រដ្ឋមន្រ្តី ក្នុងនាមប្រទេសភ្ញៀវកិត្តិយស បានចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ (China Xi'an Silk Road International Tourism Expo 2017) ជាមួយលោក Li Jinzao ប្រធានរដ្ឋបាលទេសចរណ៍ជាតិចិន លោក Hu Heping អភិបាលខេត្តសាន់ស៊ី លោក Zhu Shanzhong នាយកប្រតិបត្តិ Unwto ដោយមានការចូលរួមពីប្រតិភូនៃប្រទេសចំនួន៣២ ក្នុងតំបន់វិថីសូត្រ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងសុន្ទរកថា ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ពីការគាំទ្រ និងចូលរួមជានិច្ចរបស់កម្ពុជាចំពោះយុទ្ឋសាស្ត្រ «ខ្សែក្រវាត់ និងវិថី» ដែលជាក្របខណ្ឌនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាលចិន គ្របដណ្តប់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រ សតវត្សទី២១។ លោកបានរៀបរាប់អំពីការីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក្នុងនោះបានគូសបង្ហាញពីការត្រៀមដ៏ល្អរបស់កម្ពុជា ក្នុងកាទទួលទសចរចិន (China-Ready)។ បន្ទប់ពីពិធីទូងស្គរជ័យបើកពិព័រណ៍ទេសចរណ៍អន្តរជាតិផ្លូវសូត្រស៊ីអាន ២០១៧ ឯកឧត្តម​រដ្ឋមន្ត្រីក៏បានអញ្ជើញគណៈអធិបតី និងភ្ញៀវទាំងអស់ទៅទស្សនាស្តង់ពិព័រណ៍កម្ពុជាផងដែរ។ សូមបញ្ជាក់ថា ពិព័រណ៍លើកទី៤នេះ មានការចូលរួមពី៣២ប្រទេស នៅតាមបណ្តោយផ្លូវសូត្រ។ ដោយឡែក កម្ពុជាក៏បាននាំក្រុមសិល្បៈ១ក្រុមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រុមហ៊ុនទេសចរណ៍ចំនួន១៧ ទៅចូលរួមផងដែរ៕
11-Aug-2017
កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម Paul Donovan ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៅរដ្ឋ Queenlands Australia ដឹកនាំប្រតិភូជួបពិភាក្សា និងប្រឹក្សាយោបល់ជាមួយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបពិភាក្សា និងប្រឹក្សាយោបល់ ឯកឧត្តមបណ្ឌិត ថោង ខុន​ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានស្វាគមន៍ឯកឧត្តម Paul Donovan ជាប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍នៅរដ្ឋ Queenlands Australia និងប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច​​ស្វែងយល់ពីសភាព ការណ៍​នៅ​កម្ពជា និងបានជម្រាបជូនអំពីសក្តានុពល​ទេសចរណ៍​​កម្ពុជា ​គោលនយោបាយ​អភិវឌ្ឍ​ជាពិសេសយុទ្ធសាស្ត្រទាក់ទាញទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Paul Donovan បានកោតសរសើរការរីកចំរើនយ៉ាងឆាប់រហ័ស​របស់កម្ពុជា ដែលក្នុងនោះវិស័យទេសចរណ៍ក៏មានការរីកលូតលាស់ល្អគួរអោយកត់សំគាល់ ពិសេសការ​រីកចំរើនខាងសម្បទារទេសចណ៍ ជាអាទិ សណ្ឋាគារ ភោជនីយដ្ឋានប្រណិតៗ។ ឯកឧត្តម ក៏បានលើកឡើងថា នៅ Gold Cost Queensland Australia ជាទឹកដីដែល​ស្រស់ស្អាត ហើយក៏មានការអភិវឌ្ឍន៏ផ្នែកសម្បទាទេសចរណ៏ល្អសំបូរបែប តែមិនទាន់​ទាក់ទាញទេសចរបានច្រើននៅឡើយ ពិសេសទេសចរចិន ដែលឯកឧត្តមសុំអោយ​កម្ពុជា​ជួយចែករំលែកបទពិសោធន៏ដល់ប្រតិភូ Queenslands​ ។ ការត្រៀមទទួលទេសចរចិន ជា​និន្នា​ការបច្ចប្បន្នដែលពិភពលោកទាំងមូលកំពុងយកចិត្តទុកដាក់។ ទេសចរចិន​នឹងមាន​ចំនួន​កាន់តែច្រើន ប្រមាណជាង ២០០លាននាក់ នៅឆ្នាំ២០២០ ហើយទេសចរចិនជាទេសចរ​ដែលមានចំណាយច្រើន។ ឯកឧត្តមបានបញ្ជាក់ទៀត ថាកម្ពុជាធ្វើត្រូវ និងសូមកោតសរសើរ​រាជរដ្ឋាភិបាលកម្ពុជាដែលបានរៀបចំផែនការ​ និង​យុទ្ឋសាស្ត្រច្បាស់លាស់ដែលប្រតិភូ Queenslands គួររៀនសូត្រតាម។ ជាការបញ្ជាក់ពីឆន្ទ:ក្នុងកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយ:ទស្សនកិច្ចដកស្រង់បទ​ពិសោធន៍​ រវាងកម្ពុជា និងរដ្ឋ Queenslands ឯក​​​ឧត្តម​​ក៏មានបំណងឲ្យមានទស្សនកិច្ច​របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ទៅកាន់រដ្ឋ Queenslands និងជំនួបជាមួយនាយករដ្ឋមន្ត្រីប្រចាំរដ្ឋ Queenslands ផងដែរ។
26-Jul-2017
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន បានពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីពន្លឿនការអនុវត្តផែនការអភិវឌ្ឍទេសចរណ៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់អង្គរវត្តឲ្យបានឆាប់រហ័ស ដើម្បីធានាការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន ឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់សៀមរាបអង្គរជារៀងរាល់ឆ្នាំ។ ដើម្បីជំរុញការងារនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ក្រសួងទេសចរណ៍កម្ពុជាបានបង្កើតក្រុមការងារមួយដើម្បីសហការជាមួយភាគីចិន ដែលក្រុមការងារនេះដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។ តាមការបញ្ជាក់របស់ ឯកឧត្តមរដ្ឋមន្ត្រី ការរៀបចំផែនការនេះទាមទារឲ្យមានការសិក្សាម៉ត់ចត់ គ្រប់ជ្រុងជ្រោយដើម្បីធានាថាការធ្វើផែនការអភិវឌ្ឍតំបន់អង្គរ និងតំបន់ជំុវិញស្របតាមទស្សនទាន “ស្អាត និងបៃតង” ដោយប្រែក្លាយតំបន់សៀមរាបទៅជាទីក្រុងស្អាត និងបៃតង។ ឯកឧត្តម Zhang Xilong បានគាំទ្រទាំងស្រុងចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តមនឹងស្នើសុំគោលការណ៍ពីឯកឧត្តមប្រធានរដ្ឋបាលទេសចរណ៍ជាតិចិនដើម្បីបញ្ជូនអ្នកជំនាញមកសហការជាមួយក្រុមការងារក្រសួងទេសចរណ៍កម្ពុជាសិក្សារៀបចំបង្កើតផែនការនេះក្នុងពេលឆាប់ៗខាងមុខ ព្រោះថាចិនមានបទពិសោធន៍ច្រើនក្នុងការរៀបចំតំបន់បេតិកភណ្ឌពិភពលោក (លំដាប់ទី២) រហូតដល់បច្ចុប្បន្ននេះ ចិនបានដាក់តំបន់បេតិកភណ្ឌចំនួន៥២ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្តម Zhang Xilong ក៏បានសន្យានឹងបន្តចែករំលែកបទពិសោធន៍ដែលចិន បាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្មទេសចរណ៍ ស្តង់ដាតំបន់ទេសចរណ៍សម្រាកលំហែ ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមជនបទ កសិទេសចរណ៍ និងបដិវត្តកំណែទម្រង់បង្គន់អនាម័យ។ ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហទេសចរណ៍ដែលភាគីទាំងពីរបានចុះហត្ថលេខាលើកាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងសៀងហៃ និងផែនការអនុវត្តអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅទីក្រុងប៉េកាំង ប្រទេសចិន ផ្តោតលើ ៦ ចំណុចសំខាន់ៗ ភាគីទាំងពីរបានលើពិភាក្សាជំរុញការរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍ចិន កម្ពុជា មួយឆ្នាំម្តង ឬច្រើនដងតាមការចាំបាច់ និងការជំរុញវិនិយោគទុនវិស័យទេសចរណ៍របស់ធុរជនចិននៅកម្ពុជា។ ភាគីចិន នឹងពិភាក្សាបន្តរៀបចំធ្វើវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍ចិន កម្ពុជា ដែលធ្លាប់បានធ្វើម្តងហើយនៅទីក្រុងប៉េកាំងកាលពីខែឧសភា ឆ្នាំ២០១៧នេះ ហើយឯកឧត្តម នឹងពិភាក្សាគ្នាដើម្បីរៀបចំវេទិកាកិច្ចប្រជុំកំពូលធុរកិច្ចទេសចរណ៍ចិន កម្ពុជាបន្តទៀតនៅឆ្នាំ២០១៨ នៅកម្ពុជា ស្របទៅនឹងការប្រារព្ធខួបលើទី៦០ នៃទំនាក់ទំនងការទូតកម្ពុជា ចិន។ ព្រមជាមួយនេះ ភាគីចិនក៏បានសន្យាបន្តជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា និងពិនិត្យលទ្ធភាពក្នុងការក្នុងការផ្តល់ទិដ្ឋាការពិសេសសម្រាប់ពលរដ្ឋកម្ពុជាដែលមានលទ្ធភាពទៅដើរកម្សាន្តនៅប្រទេសចិន តាមការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងស្របតាមគោលនយោបាយទិដ្ឋាការពិសេសរបស់រដ្ឋាភិបាលចិនសម្រាប់ទីក្រុងមួយចំនួន (ក្នុងរយៈពេល ៧២ម៉ោង និង១៤៤ម៉ោង)។
14-Jul-2017
នាល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២១០៧ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ មានរៀបចំកម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន“Beautiful China beyond your imagination” ក្រោមកិច្ចផ្តួចផ្តើមរបស់រដ្ឋបាល​ទេសចរណ៍​​​ជាតិ​ចិន (CNTA) ដោយសហការជាមួយនឹងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា។​ កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិន លោក Tan Qingsheng ភារៈធារីនៃស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឈុន តារា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​ លោកជំទាវ ឆាយ សុវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ប្រតិបត្តិករទេសចរណ៍ជាច្រើនផងដែរ។ កម្មវិធីផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យ​ទេសចរណ៍​​​ អាស៊ានក៏ដូចជាកម្ពុជាបានចាត់ទុកចិនជាដៃគូយុទ្ធសាស្រ្ត និង​ជាប្រភព​ទីផ្សារ​ដ៏សំខាន់បំផុត។ ឈរលើស្មារតីនេះ កិច្ចសហ​ប្រតិបត្តិការ​​ផ្នែក​ទេសចរណ៍​​រវាងអាស៊ាន-ចិនត្រូវបានពង្រឹង និងពង្រីកលើគ្រប់ទិដ្ឋភាព ពិសេស​ការ​កំណត់​ឆ្នាំ២០១៧ ជា ឆ្នាំនៃកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ចិន (2017​ ASEAN-China Year of Tourism Cooperation) ដែលត្រូវបាន​ស្វាគមន៍​​ដោយ​ប្រមុខដឹកនាំអាស៊ាន-ចិន ដើម្បីជំរុញលំហូរទេសចរទៅវិញ​ទៅមក(two-way tourist traffic) ដែលបានកើនឡើងដល់​ចំនួន​ប្រមាណ​ជាង ៣០ លាននាក់ កាលពីឆ្នាំ២០១៦ កន្លងមកនេះ។ នាឱកាសនោះផងដែរ ឯកឧត្តម zhang xilong​ ប្រធានគណៈប្រតិភូចិនក៏បានថ្លែងកោតសរសើរចំពោះភាគីមិត្តកម្ពុជាដែលតែងតែផ្តល់នូវកិច្ចសហការគាំទ្រជាមួយភាគីចិន ជាពិសេសទំនាក់ទំនងជាប្រវត្តិនៃចំណងការទូតដ៏យូរលង់ណាស់មក​​ហើយប្រកបដោយភាតរៈភាពដែលនៅតែបន្ត​រហូត និងត្រូវបានរិតចំណងកាន់តែជិតស្និតថែមទៀត​ដោយអ្នកដឹកនាំជាទីគោរពគឺលោកប្រធាន ម៉ៅ សេទុង លោក ជូ អេនឡាយ ព្រមទាំងមេដឹកនាំប្រជាមានិតចិន បបច្ចុប្បន្នជាមួយអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ រហូតដល់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដំណើរឆ្ពោះទៅមុខនៃ​ទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់​ចេញពី​ការស្រូប​​ទាញ​កំណើននៃ​លំហូរ​ទេសចរចិន និងអ្នកវិនិយោគចិនបានឡើយ។ យើង​​គាំទ្រជានិច្ចចំពោះ​ការដាក់ចេញនូវ​យុទ្ធសាស្រ្ត “ខ្សែ​​ក្រវ៉ាត់​​មួយ វិថី​មួយ”​ ដែលជា​ក្រប​ខណ្ឌ​​នយោបាយ​ឈ្នះ-ឈ្នះ​របស់​​រដ្ឋាភិបាលចិនគ្របដណ្តប់​​លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការ​ផ្លូវសូត្រ​សមុទ្រ សតវត្សទី២១ ។ តាមសុន្ទរកថារបស់ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កម្ពុជាបានដាក់​ចេញ​​​ផែនការ​​​​យុទ្ធសាស្ត្រ​​ទាក់​ទាញទេសចរចិន (២០១៦-២០២០) ពិសេស​ការ​ដាក់​ចេញ​នូវ “សៀវភៅ​​ស​​​​ស្តីពី China Ready សម្រាប់​ទេសចរណ៍​កម្ពុជា” សំដៅត្រៀមទទួល​ស្វាគមន៍ទេសចរចិនយ៉ាងតិច ២លាន​នាក់ នៅឆ្នាំ​២០២០។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា វិស័យ​​ពាណិជ្ជកម្ម និងទេសចរណ៍ គឺជាស្នូលនាំមុខនៃសេដ្ឋកិច្ចជាតិ​ វប្បធម៌គឺជា​អត្តសញ្ញាណ និងជាបេះដូងរបស់ប្រទេសជាតិ រីឯឧស្សាហកម្ម​ធ្វើ​ដំណើរ គឺជា​​​វិស័យ​ការទូតមួយថ្មីក្នុងយុគសម័យបច្ចុប្បន្ននេះ។ ការរីកចំរើននៃវិស័យទេសចរណ៍ទាមទារឲ្យមានគាំទ្រពីឧស្សាហកម្មធ្វើដំណើរ។ ក្នុងន័យនេះ ខ្ញុំស្នើឲ្យការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍ ក្រុមហ៊ុនអាកាសចរ និងដៃគូរពាក់ព័ន្ធនានា នៃប្រទេសចិន និងកម្ពុជា បន្តកិច្ចសហការជិតស្និទជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងពីប្រទេសទីបី ឲ្យកាន់តែច្រើនថែមទៀត។ កម្ពុជាត្រៀមខ្លួនជាស្រេចទទួល​ស្វាគមន៍ និងផ្តល់ភាពកក់​ក្តៅ​​ជូន​ភ្ញៀវ​ទេសចរ និងវិនិយោគិនចិន។ ក្នុងឆ្នាំ​២០១៦ កម្ពុជាទទួលបាន​ទេសចរ​​​អន្តរជាតិ​​ជាង​ ​៥លាននាក់​ ក្នុងកំណើន​ ​៥% ក្នុង​នោះ​ទេសចរចិន​មាន​​​ចំនួន​ជាង ៨៣ម៉ឺននាក់ ក្នុងកំណើន​ ២០%។ ក្នុង រយៈពេល ៥ខែ ដើមឆ្នាំ២០១៧កម្ពុជាទទួលបានទេសចរអន្តរជាតិ ជិត ២លាន ៣សែន នាក់កើនឡើង ១២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលក្នុងនោះ ទេសចរចិន មានចំនួន ៤៤ម៉ឺន នាក់ កើនឡើង ៣៥,៦%។ នៅឆ្នាំ​២០១៧​ នេះ កម្ពុជា​នឹងអាចទទួលបានទេសចរចិនប្រមាណ ១លាន​​​​​​នាក់ ហើយនៅឆ្នាំ២០២០ នឹង​កើន​ដល់​យ៉ាង​​​តិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិ​សរុប​ប្រមាណ៧លាននាក់។ សូមបញ្ជាក់ផងដែរថា កំណើនគួរឲ្យកត់សម្គាល់សម្រាប់រយៈពេល៥ ខែដើមឆ្នាំនេះក៏ដោយសារការកើនឡើងនូវជើងហោះហើរត្រង់ពីប្រទេសចិនតាមរយះក្រុមហ៊ុនអាកាសចរណ៍ចំនួន១២ ជាមួយនឹងជើងហោះហើរចំនួន១៥០ជើងក្នុងមួយសប្តាហ៍។
13-Jul-2017
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក Zhang Jing Long នាយកវិទ្យាស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានបានពិភាក្សាគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សជំនាញទេសចរណ៍កាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងទេសចរណ៍ និងបានឯកភាពគ្នាលើចំណុចធំៗសំខាន់៣៖ ភាគីចិននឹងជួយក្នុងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងកម្មវិធីបណ្តុះបណ្តាលដល់វិទ្យាស្ថានជាតិទេសចរណ៍កម្ពុជា និងបង្កើតក្រុមការងាររវាងវិទ្យាស្ថានទេសចរណ៍នៃប្រទេសទាំងពីរដើម្បីរៀបចំការផែនការ ការសិក្សាស្រាវជ្រាវគោលនយោបាយ និងយុទ្ធសាស្រ្តល្អៗក្នុងការទាក់ទាញទេសចរចិន និងទេសចរអន្តរជាតិមកកម្ពុជាឲ្យកាន់តែច្រើន និងការសិក្សារួមគ្នារៀបចំបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អាស៊ាន ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា។ ដើម្បីឆ្លើយតបទៅនិងនិន្នាការនៃកំណើនទេសចរចិន និងទេសចរអន្តរជាតិ និងបំពេញតាមសេចក្តីត្រូវការប្រកបដោយការពេញចិត្តរបស់ភ្ញៀវទេសចរមកទស្សនាកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម ថោង ខុន បានលើកឡើងអំពីភាពចាំបាច់នៃការពង្រឹងសេវាកម្មឲ្យល្អប្រកបដោយគុណភាពក្នុងឧស្សាហកម្មទេសចរណ៍ ដោយត្រូវការធនធានមនុស្សដែលមានជំនាញ និងសមត្ថភាពពិតប្រាកដ បានយ៉ាងតិច ៤០% គ្រាដែលបច្ចុប្បន្ននេះ មានអ្នកកំពុងបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍ប្រមាណ ៦២ម៉ឺននាក់ ហើយដើម្បីត្រៀមទទួលទេសចរណ៍៧លាននាក់នៅក្នុងឆ្នាំ២០២០ យើងត្រូវការធនធានមនុស្សបន្ថែមទៀតរហូតដល់ប្រមាណ ៨០ម៉ឺននាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្នើសុំភាគីចិនជួយដល់ការបណ្តុះបណ្តាលមគ្គុទេសក៏ទេសចរណ៍ភាសាចិនបន្ថែមទៀត ខណៈដែលបច្ចុប្បន្ន មគ្គុទេសក៏ទេសចរណ៍និយាយភាសាចិននៅមានកម្រិតនៅឡើយទាំងបរិមាណ និងគុណភាព (ប្រមាណ៩០០នាក់)។ លោក Zhang Jing Long នាយកវិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណានបានឯកភាព និងគាំទ្រចំពោះសំណូមពររបស់ឯកឧត្តម ថោង ខុន ហើយ លោកនឹងស្នើសុំគោលការណ៍ពីអាជ្ញាធររដ្ឋបាលខេត្តយូណាន និងគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ខេត្តយូណានដើម្បីបន្តជំរុញការងារនេះឲ្យបានឆាប់រហ័ស ពិសេសការរៀបចំបញ្ជូនគ្រូបណ្តុះបណ្តាលបង្គោលមកពីវិទ្យាស្ថានទេសចរណ៍ចិនមកសហការ និងជួយរៀបចំរចនាសម្ព័ន្ធបណ្តុះបណ្តាលនៃវិទ្យាស្ថានទេសចរណ៍កម្ពុជា។ ភាគីកម្ពុជា និងចិន នឹងបន្តពិភាក្សាគ្នាក្នុងការស្វែករកចំណុចរួមមួយក្នុងការរៀបចំបង្កើតគ្រឹះស្ថានបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អាស៊ាន ដែលមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដោយភាគីចិនទទួលបន្ទុករ៉ាប់រងទាំងផ្នែកជំនាញ និងហិរញ្ញវត្ថុ។ ដើម្បីបន្តពង្រឹងទំនាក់ទំនង និងភាពជាដៃគូកិច្ចសហប្រតិបត្តិការល្អ លោក Zhang Jing Long បានស្នើសុំឲ្យភាគីកម្ពុជាបញ្ជូនថ្នាក់ដឹកនាំ និងក្រុមការងារនៃវិទ្យាស្ថានទេសចរណ៍កម្ពុជាទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំ និងសាស្ត្រាចារ្យជំនាញនៃវិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន។ វិទ្យស្ថានទេសចរណ៍ និងវិជ្ជាជីវៈខេត្តយូណាន ជាស្ថាប័នមួយក្នុងចំណោមស្ថាប័នស្វ័យយ័តចំនួនបី (ដែលស្ថាប័នពីរទៀតនៅក្នុងខេត្តគ័ងស៊ី) ដែលទទួលការងារទំនាក់ទំនង និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវទេសចរណ៍នៅក្នុងតំបន់អាស៊ាន។
10-Jul-2017
នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ក្នុងនាមភ្ញៀវកិត្តិយសក្នុងពិធីបុណ្យ 7th Dunhuang Tour on Silk Road International Tourism Festival បានដឹកនាំប្រតិភូនៃប្រទេសក្នុងតំបន់វិថីសូត្រ ចូលជួបសម្តែងការគួរសមជាមួយ លោក Lin Duo លេខាបក្សខេត្ត Gansu ដោយមានការចូលរួមពី តំណាង CNTA (រដ្ឋបាលទេសចរណ៍ជាតិរបស់ចិន) និងអង្គការ UNWTO។ នាឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានចូលរួមពិធីជប់លៀងផ្សព្វផ្សាយទេសចរណ៍ផ្លូវសូត្រ ដោយក្នុងនោះមានការសម្តែងរបាំអប្សរា ដោយក្រុមសិល្ប:កម្ពុជាផងដែរ។ បន្ទាប់ពីនោះ ឯកឧត្ដម ក៏បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Tang Renjian អភិបាលខេត្ត Gansu ដោយផ្តោតលើការជំរុញកិច្ច សហការផ្នែកទេសចរណ៍ និងការតភ្ជាប់ជើងហោះហើរត្រង់ពី Gansu មកកម្ពុជា។ សូមបញ្ជាក់ផងដែរថា ក្នុងរយ:ពេល៤ខែ ដើមឆ្នាំ២០១៧នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៩ លាននាក់ ក្នុងកំណើន១២% ក្នុងនោះទេសចរចិន មានចំនួនជាង ៣៦ម៉ឺននាក់ ក្នុងកំណើន ៣១.៣% ឈរលំដាប់ទី១ នៃទីផ្សារធំៗទាំង១០៕
20-Jun-2017
កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ក្រសួងទេសចរណ៍ បានរៀបចំ "វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលនៃប្រព័ន្ធវាយតម្លៃបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន “China Ready” សម្រាប់ទេសចរណ៍កម្ពុជា (China Ready Accreditation System) ដោយមានការអញ្ជើញចូលរួម​ពីមន្ត្រីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងសិស្សនៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាសរុបប្រមាណ១០០នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីជំរុញការអនុវត្តយុទ្ធសាស្ត្រ "សៀវភៅ ស China Ready" សម្រាប់ទេសចរណ៍កម្ពុជា ដោយ (១)ការពង្រឹងឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងការទទួលទេសចរចិន តាមរយៈការដាក់ចេញនូវយន្តការនៃការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍កម្ពុជាសម្រាប់ទេសចរចិន ពីសំណាក់ប្រតិបត្តិករទេសចរណ៍ពាក់ព័ន្ធទាំងអស់ (២)បណ្តុះបណ្តាលមន្ត្រីវាយតម្លៃបង្គោលតាមមន្ទីររាជធានី-ខេត្ត ដែលអាចចូលរួមជាជនបង្គោលក្នុងក្រុមវាយតម្លៃប្រព័ន្ធបញ្ជាក់គុណភាព China Ready (៣)ជំរុញការផ្សព្វផ្សាយបន្តពីអត្ថប្រយោជន៍នៃយុទ្ធសាស្ត្រ "សៀវភៅ ស China Ready" សម្រាប់ទេសចរណ៍កម្ពុជាដល់មូលដ្ឋានអាជីវកម្មទេសចរណ៍គ្រប់រាជធានី-ខេត្ត។ សូមជម្រាបថា សេវាកម្មទេសចរណ៍ដែលចូលរួមក្នុងកម្មវិធីបញ្ជាក់គុណភាព China Ready មាន ៧ប្រភេទ គឺៈ-សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ-សេវាកម្មស្នាក់នៅទេសចរណ៍ -សេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរ (ផ្លូវទឹក និងផ្លូវគោក) -រមណីយដ្ឋានទេសចរណ៍-ហាងលក់ទំនិញ-អាជីវកម្មសេវាកម្សាន្តទេសចរណ៍-អាជីវកម្មការីទេសចរណ៍ និងទីភ្នាក់ងារទេសចរណ៍។ ការទទួលបានការបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ China Ready អាជីវកម្មដែលផ្តល់សេវាកម្មទេសចរណ៍ដូចបានរៀបរាប់ខាងលើត្រូវបំពេញស្តង់ដាអប្បបរមាដូចខាងក្រោម៖•មានបុគ្គលិកបម្រើការទទួលបានការវាយតម្លៃ និងបញ្ជាក់ថាបានឆ្លងកាត់ជាប់ តេស្តកម្មវិធី CHINA READY•មានបុគ្គលិកបម្រើការនិយាយភាសាចិន•មានគេហរទំព័រ និងទម្រង់ផ្តល់ព័ត៌មានបកប្រែជាភាសាចិនត្រឹមត្រូវ•ព័ត៌មានសេវាអតិថិជន(Customer Service Information) បកប្រែជាភាសាចិនត្រឹមត្រូវ•ផលិតផល ឬសេវាមានគុណភាពព័ត៌មានបន្ថែមសូមអញ្ជើញអានក្នុងគេហទំព័រៈ cambodia-chinaready.org
18-May-2017
កាលពីថ្ងៃទី ១០ ែខ វិច្ឆិកា នេះ ឯឧ ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន ដឹកនាំគណប្រតិភូ ១ ទៅចូលរួមពិពណ៌ទេសចរណ៍អន្តរជាតិ ចិន (China International Travel Mart -CITM 2016 ដែលប្រារព្ឋឡើងនៅទីក្រុងសៀង ហៃ (ចិន) ពីថ្ងៃទី ១១ -១៣ វិច្ឆិកា ។ ក្នុងឳកាសនោះឯឧ រដ្ឋមន្ត្រីថោង ខុន បានចុះហត្ថលេខាលើអនុស្សារណះយោគយល់គ្នាស្តីពី កិច្ចសហប្រត្តិការទេសចរណ៍ ជាមួយ ឯឧ លី សុិន ចាវ(Li Zin Zao) ប្រធានរដ្ឋបាល(រដ្ឋមន្ត្រី)ទេសចរណ៍ជាតិចិន( Chairman Of China National Tourism Administration) ផងដែរ។អនុស្សារណះនេះបានផ្តោតលើការជំរុញកិច្ចសហការផ្នែកសាធារណះ និងផ្នែកឯកជនដើម្បីធ្វើការផ្សព្វផ្សាយរួមគ្នា ជំរុញអ្នកវិនិយោគក្រោម ៉គំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ ១ ផ្លូវ ១ ៉ ជំរុញទេសចរ ទៅវិញទៅមកនៃប្រទេសទាំងពីរចិន កម្ពុជានិងប្រទេសទី៣អោយទៅទស្សនាចិននិងកម្ពុជា ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ផ្លាស់ប្តូរបទពិសោធន៏ផ្នែកគ្រប់គ្រង និងអភិបាលកិច្ចល្អនិងជំរុញការហោះហើរត្រង់ពីចិនមកកម្ពជាអោយបានកាន់តែច្រើន។ សូមជំរាបជូនថា ពិពណ៌CITMនេះ តែង ប្រារព្ឋឡើងជារៀងរាល់ឆ្នាំដោយឆ្លាស់វេនគ្នា ជាមួយទីក្រុងគុនមីង(ខេត្ត យូណាន់)។ឆ្នាំនេះ CITM នៅទីក្រុងសៀងហៃ មានការចូលរួមពីស្ថាប័ន និងក្រុមហ៊ុនទេសចរណ៏ជាតិអន្តរជាតិ ចំនួន ១០៦៨ស្តង់ ឞកពី ៦៨ប្រទេស( នៃ ៥ ទ្វីប- មានការរៀបចំតាមទ្វីប )។ដោយឡែកកម្ពុជាតែងចូលរួមជារៀងរាល់ឆ្នាំ ។ឆ្នាំនេះ គណប្រតិភូទេសចរណ៍កម្ពុជាក៏មានការចូលរួមរបស់ក្រុមសិល្បះនៃក្រសួងវប្បធម៌វិចិត្រសិល្បះ និង ក្រុមហ៊ុនអាកាសចរណ៍ ទេសចរណ៍ចំនួន ១៦ផងដែរ។ ឆ្នាំ ២០១៥ កម្ពុជាទទួលបាន ទេសចរចិន ចំនួនប្រមាណ ៧០ មឺុននាក់ ។ ក្នុងរយះពេល ៩ ខែដើម ឆ្នាំ ២០១៦ កម្ពុជា ទទួលបានទេសចរចិន ចំនួនប្រមាណ ៥៨ មឺុន នាក់ក្នុង កំនើន ១២% ហើយអាចនិងបានទទួលទេសចរចិនប្រមាណ ជាង ៨០មុីននាក់ ឆ្នាំ ២០១៦ នេះ។ ឆ្នាំ២០២០ និងខិតខំទាញ់ទាញទេសចរចិនអោយបាន ប្រាណ២លាននាក់ មកកម្ពុជា។ សូមជំរាបថា ចិន ជាទីផ្សារផ្តល់ទេសចរ(generating market) ដ៏ធំជាងគេបំផុតនៅលើពិភពលោក។
30-Nov-2016
ឯ.ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់គណៈប្រតិភូចិនខេត្តហឺណាន ឲ្យពង្រីកជើងហោះហើរត្រង់ពី ខេត្តហឺណានមកកម្ពុជា ក្នុងគោលដៅផ្ដល់នូវលំហូរទេសចរឲ្យគ្នាទៅវិញទៅមក ពិសេសដើម្បីពង្រីកសក្ដានុពលទេសចរណ៍របស់ប្រទេសទាំងពីរ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាង លោករដ្ឋមន្រ្តី ថោង ខុន ជាមួយលោក Zhang Guangzhi អភិបាលរងខេត្តហឺណាន នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដីការក្រសួងទេសចរណ៍។ ឯឧ រដ្ឋមន្រ្តី បានជំរុញដល់ភាគីចិនជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ដល់ភ្ញៀវទេសចរចិន ក្នុងខេត្តហឺណាន ចូលមកទស្សនាកម្ពុជាឲ្យបានកាន់តែច្រើន។ ឯឧត្តមរដ្ឋមន្រ្តី ក៏បានស្នើឲ្យភាគីខេត្តហឺណាន ជំរុញឲ្យអ្នកវិនិយោគចិនមកបោះទុនវិនិយោគ​នៅកម្ពុជា ឲ្យកាន់តែច្រើន ពិសេសការតភ្ជាប់ជើងហោះហើរត្រង់ពី ខេត្តហឺណានមករាជធានីភ្នំពេញ និងភ្ជាប់មកខេត្តនានា ក្នុងប្រទេសកម្ពុជា ដែលនេះក៏ជាគោលនយោបាយ និងទំនាក់ទំនងដ៏ធំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលប្រទេសចិន។ ជាការឆ្លើយតបទៅនឹងការស្នើសុំរបស់ភាគីកម្ពុជា លោក Zhang Guangzhi ក៏បានឯកភាព នឹងជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ទៅទីផ្សារទេសចរណ៍ខេត្តហឺណាន។ ហើយលោកអភិបាលរងខេត្ត ក៏បានប្ដេជ្ញាខិតខំជំរុញឲ្យអ្នកវិនិយោគចិន ឲ្យមកបោះទុនវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើន។ សូមបញ្ជាក់ យោងតាមស្ថិតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទំហំវិនិយោគិនចិននៅកម្ពុជា ក្នុងឆ្នាំ២០១៥ មានចំនួន ៨៥៦,៥២លានដុល្លារ ឈរនៅលំដាប់ទី១ ក្នុងចំណោមវិនិយោគផ្ទាល់ពីបរទេស(FDI) មកកម្ពុជា។ ក្នុង៩ខែដើមឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ជាង៣,៥លាននាក់ កនុងកំនើន៤,៨%ក្នុងនោះភ្ញៀវចិនមានចំនួន ៥៧៧,២៨៣នាកក្នុង កំនើន ១២,៥%។
30-Nov-2016
នារសៀល​​​​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​ទី​ស្តី​ការ​ក្រសួង​ទេសចរណ៍​ ឯកឧត្ដមបណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ និង​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​​ ជាមួយ​ឯកឧត្តម Zhang Guangzhi អភិបាល​រង​ខេត្ត​ ហឹ​ណាន​ ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ កិច្ច​ពិភាក្សា​បាន​ផ្តោត​ទៅ​លើ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ជំរុញ​ការ​វិនិយោគ​ចិន​ខេត្ត​ហឹ​ណាន​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​ ជំរុញ​ការ​ហោះហើរ​ត្រង់​ ខេត្ត​ហឹណាន​-កម្ពុជា​ និង​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា​ និង​ខេត្ត​ហឺណាន​ប្រទេស​ចិន​។
30-Nov-2016
កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថា​គន្លិះក្នុង​​សន្និសីទ​អន្តរជាតិចិន លើកទី៣ ស្តីពីវិនិយោគវិស័យ​ទេសចរណ៍ និងវប្បធម៌ នៅទីក្រុងគុនមីង ខេតយូណាន់ សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម បានគូសបញ្ជាក់ថា ផលិតផលទេសចរណ៍ថ្មីៗសំបូរបែប និងទាក់ទាញ ​គឺជាកត្តា គន្លឹះជាយុទ្ធសាស្រ្តក្នុងការផ្សព្វ​ផ្សាយ និងទាក់ទាញទេសចរ។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានសំណូមពរឲ្យភាគីចិនជួជំរុញការវិនិយោគបង្កើតផលិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ។ យើងត្រូវការផលិតផលទេសចរណ៍ទាំងនោះ ទាំងនៅតំបន់​សៀមរាប​អង្គរ តំបន់ភំ្នពេញ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ផងដែរ។ ​​ផលិតផល​ទេស​ចរណ៍​​ត្រូវមានគ្រប់ទំរង់ ទាំងកំរិតខ្ពស់ មធ្យម និងទាប (Large scale, Medium and Small scale) ដែលធានាបាននូវភាពស្អាត និងបៃតង គោរពតាមបច្ចេកវិទ្យាចុងក្រោយ។ ឯកឧត្តមរដ្ឋមន្រ្តីសំណូមពរជំរុញឲ្យមានលំហូរទេសចរចិនកាន់តែច្រើន ព្រមទាំងសំណូមពរ​ឲ្យមានការហោះ​ហើរត្រង់តភ្ជាប់ពីចិន ពិសេសពីខេត្តយូណាន មកកម្ពុជាកាន់តែ​មានច្រើន​ថែម​ទៀត។ សូមបញ្ជាក់ថាទេសចរចិន​ គឺជាទីផ្សារទេសចរណ៍ដ៏ធំមួយក្នុងពិភពលោក ដែលតាមការទស្ស​ទាយរបស់អង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០២០ ទេសចរចិនចេញក្រៅប្រទេស មានចំនួនប្រមាណ ២០០លាននាក់ ហើយចំណាយប្រមាណ៤៦០ពាន់លានដុល្លារអាមេរិច។ កម្ពុជាត្រៀម​​ជាស្រេច​ស្វាគមន៍ និងផ្តល់ភាពកក់ក្តៅ​ជូន​​ទេសចរចិន​នៅកម្ពុជា ដោយបាន ដាក់ចេញជាយុទ្ធសាស្រ្ត និងយុទ្ធនាការ China Ready ផងដែរ។ នាឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូនពីគោលនយោបាយថ្មីរបស់ រាជ រដ្ឋាភិបាលផ្តល់ជូន​ទិដ្ឋាកា​រ​ចេញ​​ចូលច្រើនដង (multiple entry visa) ដល់ទេសចរទាំងអស់ រយៈពេល ១ឆ្នាំ ២ ឆ្នាំ និង៣ ឆ្នាំ ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមខែកញ្ញាឆ្នាំ២០១៦។ ប្រទេសកម្ពុជា និង​ចិន​តែង​តែ​មាន​ទំនាក់​ទំនងល្អ ជាមិត្តជឿទុក​ចិត្ត​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ពោលគឺកម្ពុជា-ចិនជា​​ដៃ​គូ​យុទ្ធ​សាស្រ្ត​គ្រប់​​ជ្រុង​​ជ្រោយ​យ៉ាង​ពិត​ប្រាកដ។​ តាមរយៈ​​​​​កិច្ច​សហប្រតិ​បត្តិការ​​ល្អ​ជា​​យុទ្ធសាស្រ្ត និង​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេសទាំងពីរ​ ប្រជាជនទាំងពីរ យើងសង្ឃឹមថា ចំនួន​​អ្នក​វិនិយោគ​ចិន ក៏ដូចជា​ភ្ញៀវ​ទេសចរ​ចិន​មកកម្ពុជាមានចំនួនកាន់តែ​ច្រើន​ឡើងថែមទៀត​ទៅថ្ងៃអនាគត។ ក្នុង​៦ខែ​ដើម ​ឆ្នាំ ២០១៦ កម្ពុជាទទួលបានទេសចរ​អន្តរជាតិ​ប្រមាណជាង ២, ៤ លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ចិន​មាន​ចំនួន​ជាង ៣៨០ ០០០ នាក់ កើនឡើង​១៣ %​។ តាមការ​ព្យាករណ៍ យើងសង្ឃឹមថា កម្ពុជាអាចនឹងទទួល​ទេសចរ​ចិនមកទស្សនាប្រមាណ៩០ ម៉ឺន នាក់ ក្នុងឆ្នាំ២០១៦ និងឆ្នាំ២០២០ ប្រមាណ២លាននាក់។
11-Aug-2016